យល់ដឹងអំពីការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)

January 1, 1970by teav sovandara0

ភាពរីកចំរើននៃបច្ចេកវិទ្យាក្នុងវិស័យទន្តសាស្រ្តនាពេលបច្ចុប្បន្ន ធ្វើឲ្យមនុស្សមានជម្រើសកាន់តែច្រើនក្នុងការថែរក្សាធ្មេញរបស់ពួកគេ។ បច្ចេកទេសថ្មីនេះជួយជំនួសជាអចិន្ត្រៃយ៍សំរាប់ធ្មេញដែលបានបាត់បង់ និងផ្តល់នូវទំនុកចិត្ត និងស្នាមញញឹមត្រឡប់មកវិ​ញ តាមរយៈការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលខាងទន្តបណ្ឌិត ហៅជាភាសាអង់គ្លេសថា Dental Implant ។

តើអ្វីទៅជាការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)?
ការដាំបង្គោលក្នុងឆ្អឹង គឺត្រូវបានប្រើប្រាស់សំរាប់ជំនួសឫសធ្មេញដែលបានបាត់បង់។ បង្គោលធ្មេញសិប្បនិមិត្តនេះ ធ្វើពីលោហៈធាតុតេតាញ៉ូម ដែលអាចឲ្យរាងកាយមនុស្សយើងទទួលយកបាន​យ៉ាងងាយស្រួល។ បង្គោលនេះ ត្រូវបានបញ្ចូលទៅក្នុងឆ្អឹង ហើយក្នុងរយៈពេលប្រហែល៦សប្តាហ៍ប៉ុណ្ណោះ បង្គោលធ្មេញនឹងឆ្អឹង នឹងបង្ខាំជាប់គ្នាយ៉ាងរឹងមាំ។ បន្ទាប់មក លោកអ្នកអាចដាក់ឬភ្ជាប់ធ្មេញបានដោយសុវត្ថិភាព។

តើការដាំបង្គោលធ្មេញក្នុងឆ្អឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
ការដាំបង្គោលធ្មេញក្នុងឆ្អឹង ផ្តល់នូវអត្ថប្រយោជន៍ដូចជា៖

  • មិនធ្វើឲ្យខូចខាតដល់ធ្មេញជិតខាង ហើយវាអាចប្រើប្រាស់ក្នុងរយៈពេលយូរឬពេញមួយជីវិតប្រសិន​បើយើងមានអនាម័យមាត់ធ្មេញល្អ
  • ផ្តល់នូវសោភ័ណភាព ដោយជួយរក្សាទម្រង់មុខឲ្យនៅក្មេង ជួយឆ្អឹងអញ្ចាញមិនឲ្យស្រក និងធ្វើឲ្យមានអារម្មណ៍ថាដូចធម្មជាតិ
  • ការនិយាយស្តី មានលក្ខណៈច្បាស់ព្រោះវាមិនរំកិលពេលនិយាយ។
  • ផ្តល់ភាពងាយស្រួល និងទំនុកចិត្ត ព្រោះបង្គោលធ្មេញក្នុងឆ្អឹងមានភាពរឹងមាំ ធ្វើឲ្យងាយទំពារអាហារ និងផ្តល់នូវស្នាមញញឹមស្រស់ស្រាយប្រកបដោយភាពជឿជាក់
  • មិនមានការឈឺចាប់ដែលបណ្តាលមកពីការពាក់ធ្មេញស្និតមិនបានល្អ។

តើត្រូវធ្វើដូចម្តេចទើប Implant ទទួលបានជោគជ័យ?
អត្រាជោគជ័យរបស់ Implant អាស្រ័យលើឆ្អឹងថ្គាមដែល Implant ត្រូវដាំបញ្ចូល។ ជាទូទៅ Implant អាចទទួលបានជោគជ័យរហូតដល់ 98%។

តើមនុស្សរាល់គ្នាសុទ្ធតែដាំ Implant​ បានឬ?
ក្នុងករណីភាគច្រើន បុគ្គលដែលមានសុខភាពល្អ ដែលអាចធ្វើការដកធ្មេញ ឬក៏ធ្វើការវះកាត់មាត់ធ្មេញបាន សុទ្ធតែអាចដាំ Implant បាន។ អ្នកជំងឺត្រូវមានសុខភាពអញ្ចាញ និងឆ្អឹងគ្រប់គ្រាន់ ព្រមទាំងត្រូវអនុវត្តអនាម័យមាត់ធ្មេញល្អ និងជួបទន្តបណ្ឌិតពិនិត្យមាត់ធ្មេញអោយបានទៀងទាត់ រៀងរាល់3ទៅ6ខែម្តង។ ចំពោះអ្នកជក់បារី, ទឹកនោមផ្អែម, ជំងឺបេះដូង និងអ្នកជំងឺដែលត្រូវព្យាបាលដោយកាំរស្មីលើតំបន់ក្បាល និងក ត្រូវធ្វើការវាយតំលៃដោយទន្តបណ្ឌិតឯកទេសផ្នែក Implant ជាមុនសិន។

តើដំណាក់កាលនៃការដាំបង្គោលធ្មេញមានអ្វីខ្លះ?
ដំណាក់កាលនៃការដាំបង្គោលធ្មេញរួមមាន៖

  • នៅដំណាក់កាលដំបូង អ្នកជំងឺត្រូវបានពិនិត្យ និងវាយតំលៃដោយក្រុមគ្រូពេទ្យជំនាញដាំបង្គោលធ្មេញក្នុងឆ្អឹងតាមរយៈការថត x-ray និងបង្កើតគំរោងព្យាបាល ដែលផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសប្រភេទបង្គោលទៅតាមភាពសមស្រប។
  • បន្ទាប់មក ទន្តបណ្ឌិតនឹងធ្វើការដាំបង្គោលធ្មេញទៅក្នុងឆ្អឹង ហើយត្រូវរងចាំរយៈពេលពី 6សប្តាហ៍ ដើម្បីឲ្យជាសះស្បើយ ។
  • បន្ទាប់ពីជាសះស្បើយ អ្នកជំងឺត្រូវខាំពុម្ព ដើម្បីធ្វើធ្មេញអោយដូចគ្នាទៅនឹងធ្មេញធម្មជាតិ ដែលហៅកាត់ថា Crown។ ចំពោះអ្នកជំងឺដែលបាត់ធ្មេញទាំងអស់ (ថ្គាមលើ រឺក្រោម) ទន្តបណ្ឌិតត្រូវពិនិត្យរកផ្នែកតភ្ជាប់ (Attachment) ដើម្បីទ្រទ្រង់គ្រោងធ្មេញស្និត។
  • ចុងបញ្ចប់អ្នកជំងឺ នឹងទទួលបានធ្មេញស្រដៀងគ្នានឹងធ្មេញធម្មជាតិ ដោយជំនួសមកវិញនូវមុខងារទំ​ពារ សោភ័ណភាព អារម្មណ៍ ទំនុកចិត្ត និងភាពទាក់ទាញជាមួយស្នាមញញឹមដ៏គួរអោយទាក់ទាញ៕

រៀបរៀងដោយទន្តបណ្ឌិតៈ ញាណ ភីរម្យ
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic

Leave a Reply

Your email address will not be published. Required fields are marked *

Pachem Dental

A team of dentists working to ensure you receive the best treatment.

017 300 300 / 070 300 800
info@pachemdental.com
Our Awards
Social

Visit Pachem Dental on these social links and connect with us. Make sure to follow our accounts for regular updates.

Copyright 2021 by Pachem Dental Clinic.