Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

ការពត់តម្រង់ធ្មេញៈ អាយុដែលល្អសម្រាប់កូនក្មេងក្នុងការពត់តម្រង់ធ្មេញ

ការពត់តម្រង់ធ្មេញៈ អាយុដែលល្អសម្រាប់កូនក្មេងក្នុងការពត់តម្រង់ធ្មេញ

ឪពុកម្តាយភាគច្រើនខ្វល់ខ្វាយពីបញ្ហាធ្មេញដែលមិនត្រង់ជួររបស់កូន ហើយក៏ចង់ដឹងថា តើអាយុប៉ុន្មានដែលល្អសមស្របសម្រាប់ការពត់តម្រង់ធ្មេញ។ ទោះបីជាឪពុកម្តាយជាច្រើនដឹងច្បាស់ថា ការពត់តម្រង់ធ្មេញអាចធ្វើឱ្យ​ធ្មេញរបស់កូនត្រង់ជួរស្អាតល្អ ប៉ុន្តែពួកគាត់ភាគច្រើនពិតជាមិនបានដឹងថា ពេលណាគួរយកក្មេងទៅជួបទន្តបណ្ឌិតឯកទេសពត់ធ្មេញដើម្បីប្រឹក្សាយោបល់នោះទេ។ ក្រៅពីរយៈពេលសម្រាប់ការពត់ធ្មេញ មាតាបិតាគ្រប់រូប ក៏ត្រូវតែ​ព្យាយាមស្វែងយល់អំពីចំណេះដឹងមួយចំនួនទៀត ជុំវិញបញ្ហានេះ។ ហើយខាងក្រោម គឺជាសំណួរចម្លើយដ៏សំខាន់​ពាក់ព័ន្ធនឹងការពត់ធ្មេញសម្រាប់កុមារ ដែលបង្ហាញដោយទន្តបណ្ឌិតឯកទេសពត់ធ្មេញរបស់មន្ទីរព្យាបាលធ្មេញបស្ចិម។

 

តើអ្វីជាការព្យាបាលដោយពត់តម្រង់ធ្មេញ (Orthodontic)?

ការពត់តម្រង់ធ្មេញ គឺជាជំនាញមួយក្នុងទន្តសាស្ត្រ សម្រាប់កែតម្រូវធ្មេញដែលមិនត្រង់ជួរ ក៏ដូចជាការព្យាបាលនៃទ្រង់ទ្រាយនៃមុខមាត់ ដែលមិនប្រក្រតីមួយចំនួនផងដែរ។ បើទោះបីក្នុងដំណាក់កាលដំបូងដែលយើងឃើញធ្មេញ និងទម្រង់មុខមិនប្រក្រតីកើតឡើងតាំងពីតំណុះធ្មេញទឹកដោះនៃកូនក្មេងក៏ដោយ ការព្យាយាម ពត់តម្រង់ធ្មេញមិនមានប្រយោជន៍ឡើយក្នុងដំណាក់កាលនេះ ដោយសារតែធ្មេញទឹកដោះទាំងអស់នឹងត្រូវផ្លាស់ប្តូរជំនួសដោយធ្មេញស្រុកមកវិញពេលក្រោយ។

 

តើពេលណាគួរពិគ្រោះជាមួយអ្នកជំនាញពត់តម្រង់ធ្មេញ?

ប្រសិនបើឪពុកម្តាយសង្កេតឃើញថា កូនរបស់ពួកគាត់មានធ្មេញមិនត្រង់ជួរ ឬក៏មានទម្រង់មុខខុសប្រក្រតី ពួកគាត់គួរមកពិភាក្សាជាមួយអ្នកជំនាញ។ ទោះជាការព្យាបាលមិនទាន់អាចធ្វើបានក៏ដោយ អ្នកជំនាញ និងផ្តល់យោបល់ដល់ឪពុកម្តាយ ឱ្យដឹងពីអាយុដែលសមស្របសម្រាប់ការចាប់ផ្តើមក្នុងការពត់តម្រង់ធ្មេញ។

 

តើអ្វីជាឧបករណ៍ពត់តម្រង់ធ្មេញ (Braces)?

            ឧបករណ៍ពត់តម្រង់ធ្មេញ គឺជាវត្ថុមួយអាចជួយកែតម្រូវធ្មេញឱ្យរត់ត្រង់ជួរ ដោយការគ្រប់គ្រងកំលាំង ទៅលើធ្មេញទាំងអស់ ដែលឱ្យធ្មេញមានចលនា។ លួស (Wire) សម្រាប់ពត់ធ្មេញ ជាធម្មតាធ្វើឡើងពីលោហៈ Nickel-Titanium ដែលអាចដាក់ចូលទៅក្នុងចន្លោះនៃ Braces បាន។ កំរិតទំហំលួស (Wire) គឺជាអ្នកកំណត់នៃកំរិតកំលាំងដែលបញ្ជាទៅលើធ្មេញ។

 

តើអាយុប៉ុន្មាន ដែលសមស្របសម្រាប់ក្មេងក្នុងការពត់តម្រង់ធ្មេញ?

            ទន្តពេទ្យភាគច្រើនយល់ឃើញថា អាយុពី ១០ទៅ១៤ឆ្នាំ។ នៅក្នុងអំឡុងពេលនេះ គឺជាពេលដែលមានការលូតលាស់នៃរាងកាយរបស់ក្មេង ដូចជាឆ្អឹងនិងសាច់ដុំមុខដែលកំពុងវិវត្ត។ នៅពេលដែលឆ្អឹងពួកគេកំពុងមានការផ្លាស់ប្តូរយ៉ាងលឿន នេះជាពេលដ៏ត្រឹមត្រូវមួយក្នុងការធ្វើការពត់តម្រង់ដោយងាយស្រួលនិងឆាប់រហ័ស។ អ្នកជំនាញពត់តម្រង់ធ្មេញអាចប្រើប្រាស់ពេលវេលានេះ ជាឱកាសដ៏ល្អសម្រាប់ការពត់តម្រង់ធ្មេញបានយ៉ាងល្អ។ ជាទូទៅ ការព្យាបាលអាចប្រើពេលវេលាចាប់ពី២ទៅ៣ឆ្នាំ ឬក៏យូរជាងនេះ អាស្រ័យទៅលើករណីនីមួយៗ ដូច្នេះយើងគួរចាប់ផ្តើមឱ្យបានឆាប់រហ័ស។ វាមិនត្រឹមតែជួយសម្រួលដល់ទន្តពេទ្យក្នុងព្យាបាលប៉ុណ្ណោះទេ វាក៏អាចជួយដល់អ្នកក្នុងការបន្ថយចំណាយលើការព្យាបាលផងដែរ។ ម្យ៉ាងវិញទៀត លទ្ធផលនៃធ្មេញដែលទទួលបានមានលំនឹងយ៉ាងល្អប្រសើរដូចនឹងធ្មេញធម្មជាតិ។

 

តើក្មេងដែលលើសអាយុអាចពត់តម្រង់ធ្មេញបានដែរឬទេ?

នៅពេលដែលក្មេងធំឡើងក្រោយពីដំណាក់កាលលូតលាស់ ឆ្អឹងរបស់ពួកគេចាប់ផ្តើមបញ្ឈប់ការវិវត្តន៍ ប៉ុន្តែក្នុងពេលនេះការពត់តម្រង់ធ្មេញនៅតែអាចធ្វើបាន។ ការព្យាបាលដោយអ្នកជំនាញនៅតែអាចប្រើ Braces ដើម្បីពត់តម្រង់ធ្មេញកូនៗរបស់អ្នកបាន ដោយគ្រាន់តែអាចជួបការពិបាកបន្តិចក្នុងការព្យាបាលប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពចាំបាច់ដែលល្អសម្រាប់ក្មេងក្នុងការពត់តម្រង់ធ្មេញ គួរធ្វើឡើងឱ្យបានលឿន ដែលវាមានភាពងាយស្រួលក្នុងការទទួលលទ្ធផលល្អមួយ។

 

ចុះមនុស្សពេញវ័យ តើអាចពត់តម្រង់ធ្មេញបានឬទេ?

គ្មានហេតុផលណាមួយ ដែលអាយុច្រើនមិនអាចប្រើ Braces បាននោះទេ គ្រាន់តែអ្នកដែលមានអាយុចំណាស់ខ្លាំង Braces មិនអាចមានប្រសិទ្ធភាពល្អ ដោយសារតែមានភាពយឺតនៃដំណើរធ្មេញ។ ក្រៅពីការប្រើប្រាស់ Braces ក៏មានជម្រើសច្រើនទៀតសម្រាប់ការពត់តម្រង់ធ្មេញឱ្យត្រង់ល្អ។ សូមពិគ្រោះយោបល់អំពីធ្មេញកូនរបស់អ្នក ជាមួយអ្នកជំនាញ ដើម្បីស្វែងរកការព្យាបាលពត់តម្រង់ធ្មេញមួយដែលប្រកប​ដោយភាពជឿជាក់ និងផ្តល់លទ្ធផលល្អសម្រាប់ពួកគេ។