Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ អញ្ចាញធ្មេញ និងអាស៊ីតHyaluronic Acid (H.A)

អញ្ចាញធ្មេញ ប្រៀបដូចជាផ្ទះសម្រាប់ឲ្យធ្មេញជ្រកកោន។ អញ្ចាញធ្មេញដែលមានសុខភាពល្អ នឹងផ្តល់ជម្រកដ៏ល្អដល់ធ្មេញ និងធ្វើឲ្យធ្មេញមានអាយុកាលយូរអង្វែង។ សុខភាពអញ្ចាញធ្មេញ ជាបញ្ហាដែល​មនុស្សភាគច្រើនតែងជួបប្រទះ ពិសេសអ្នកដែលមានវ័យលើសពី35ឆ្នាំ។

 

អញ្ចាញធ្មេញ ដែលមានសុខភាពល្អ គឺមិនមានការឈឺចាប់ពេលប៉ះទង្គិចដោយចំណី​អាហារ​ឬពេលដុសធ្មេញ ជាទូទៅសាច់អញ្ចាញមានពណ៌ផ្កាឈូក និងមានសភាពហាប់ណែនជាប់ធ្មេញ។ នេះ ជាលទ្ធផលនៃដំណើរការដ៏ល្អ របស់ជាលិកានៅក្នុងអញ្ចាញធ្មេញ ដែលត្រូវបានស្គាល់ថា អាស៊ីត Hyaluronic Acid​ (H.A)។ អាស៊ីត H.A​ ជាសមាសធាតុដ៏សំខាន់ក្នុងការជួយឲ្យជាលិការអញ្ចាញធ្មេញមាន​សភាព​​ស្រស់ស្រាយ និងកាត់បន្ថយការហើមឬចេញឈាមតាមអញ្ចាញធ្មេញ។

 

អាស៊ីត H.A ត្រូវបានគេរកឃើញនៅពាសពេញរាងកាយ ជាពិសេស វាមានច្រើននៅស្រទាប់ខាងក្រៅបំផុត នៃ​ជាលិកាអញ្ចាញដែលមានសុខភាពល្អ។ វាជាសមាសធាតុខាប់អន្ធិលៗ​ខ្លាំង​ហើយ​ភ្ជាប់​ម៉ូលេគុល​ទឹកបាន​៥០ដង​ទំងន់របស់វា។ វាមានតួនាទីសម្របសម្រួលជាតិទឹកក្នុងជាលិកា និងត្រួតពិនិត្យដំណើរផ្លាស់​ប្ដូរសារ​ធាតុ​ផ្សេងៗ​ដែលមាននៅចន្លោះខាងក្រៅជាលិកា។ អាស៊ីត H.A មានសមត្ថភាព​ការពារ​អញ្ចាញធ្មេញ​ពី​មេរោគ​ផ្សេងៗ។

 

ទម្រង់អាស៊ីត H.A       ជេលដែលមានផ្ទុកអាស៊ីតH.A

 

អាស៊ីត H.A សំរាប់សុខភាពមាត់ធ្មេញៈ

  • ប្រឆាំងនឹងជំងឺអញ្ចាញធ្មេញដែលបណ្ដាលមកពីមេរោគ និងជាតិពុល
  • ជំរុញអោយមានការជួសជុលឡើងវិញនូវជាលិកាដែលខូចខាត
  • ការពារជំងឺរលាកអញ្ចាញធ្មេញ និងរាក់ស៊ីធ្មេញ​
  • ព្យាបាលដំបៅក្នុងមាត់ ឬការរលាកផ្សេងៗ
  • ផ្ដល់ភាពរឹងមាំនិងភាពយឺតល្អដល់សសៃចំណងជាលិកាជុំវិញអញ្ចាញធ្មេញ
  • ផ្ដល់នូវការការពាររយៈពេលវែងនៃជាលិកាក្នុងមាត់
  • រក្សា និងទ្រទ្រង់សុខភាពអញ្ចាញក្រោយពីដាំបង្គោលធ្មេញសិប្បនិមិត្ត
  • ការពារបញ្ហាអញ្ចាញធ្មេញស្រត់ចុះ។

អាស៊ីត H.A ក៏ត្រូវបានគេយកមកព្យាបាល:

  • ផ្នែកសើស្បែក: សម្រាប់ការព្យាបាលរបួសផ្នែកខាងក្រៅ
  • ចក្ខុវិទ្យា: ត្រូវបានប្រើបន្ទាប់ពីការវះកាត់ភ្នែកឡើងបាយ
  • សន្លាក់ឆ្អឹង: សម្រាប់ព្យាបាលរលាក់សន្លាក់ផ្សេងៗ។

អាស៊ីត H.A មាននៅក្នុងផលិតមួយចំនួនដូចជា ជេលប្រភេទលាប ឬទឹកខ្ពុលមាត់។

  • ជេលលាប៖ លាបជេល នៅលើអញ្ចាញដោយញីថ្នមៗដោយប្រើសំឡី រឺម្រាមដៃ ដែលស្អាត ដើម្បី​ជួយ​សម្រួលថ្នាំអោយជ្រាបសព្វនៅលើផ្ទៃអញ្ចាញ។
  • ទឹកខ្ពុលមាត់៖ សម្រាប់ការប្រើទឹកខ្ពុលមាត់មួយដង គួរប្រើនៅចន្លោះពី 5មីលីលីត្រ ទៅ10 មីលីលីត្រ និងបៀមទុករយៈពេល 1-2 ​នាទី។​ សូមកុំលាយទឹកខ្ពុលមាត់ជាមួយទឹក។

 

បញ្ជាក់៖ រាល់ការប្រើប្រាស់ផលិតផល និងការព្យាបាល សូមធ្វើការពិគ្រោះជាមួយនឹងទន្តបណ្ឌិតជំនាញ​ជាមុនសិន៕ ​

 

រៀបរៀងដោយ៖ ទន្តបណ្ឌិត ទុយ ប៉ូលីវណ្ណឌី

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាខេត្តសៀមរាប