Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)

  • តើអ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ? ហើយតើជំងឺនេះ បណ្តាលមកពីកត្តាអ្វីខ្លះ?

ជំងឺសាមញ្ញ ដែលកើតញឹកញាប់ជាងគេនៅក្នុងមាត់ ហើយមានសភាពខ្លាំងខ្លាជាងគេនោះគឺ ជំងឺរលាកអញ្ចាញធ្មេញ។ ជំងឺនេះ មិនដែលចាប់ផ្តើមឡើងតែមួយកន្លែងនោះទេ គឺវាចាប់ផ្តើមឡើងនៅច្រើនកន្លែង ដូចជានៅធ្មេញក្រោមទាំងអស់ ធ្មេញលើទាំងអស់ ភាគច្រើននៅផ្ទៃខាងក្រៅ ឬជួនកាលពេញក្រអូមមាត់តែម្តង។ ការវិវត្តន៍របស់វា នឹងបណ្តាលឲ្យមានការឈឺចាប់ មានខ្ទុះ ហូរឈាម និងធ្វើឲ្យជ្រុះធ្មេញទាំងអស់។

មូលហេតុ ដែលបណ្តាលឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ គឺមានកត្តា២៖

កត្តាទី ១ គឺការថែទាំដែលមានដូចជា៖

  • កង្វះអនាម័យមាត់ ធ្មេញ
  • ការប៉ះ ឬដាក់ធ្មេញមិនបានត្រឹមត្រូវ ដែលសង្កត់ទៅលើអញ្ចាញធ្មេញ
  • ការប្រើវត្ថុរឹងពីខាងក្រៅដូចជា ឈើចាក់ធ្មេញ
  • ការជក់បារី ​
  • កំណកកំបោរ ដែលកើតមកពីធាតុរំអិលជុំវិញគល់ធ្មេញដែលមិនបានដុសសំអាត។

កត្តាទី ២ គឺមូលហេតុទូទៅដែលមានដូចជា ការប្រែប្រួល អ័រម៉ូន(Hormone)ពេលពេញវ័យ ពេលមានរដូវ ស្រី្តមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម ការប្រើថ្នាំផ្សេងៗជាដើម។

រោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញ មានដូចជា៖

  • អញ្ចាញប្រែពណ៌ ពីផ្កាឈូកទៅក្រហមជាំ
  • ចេញឈាម និងមានការឈឺចាប់នៅពេលប៉ះទង្គិចដោយចំណីអាហារ ឬពេលដុសធ្មេញ
  • អញ្ចាញហើម ហើយឃ្លាតចេញពីធ្មេញ បង្កើតបានជាថង់ ងាយស្រួលក្នុងការផ្ទុកកំទេច​អាហារ​ដែលនាំឲ្យកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត។ ជួនកាល មានខ្ទុះ នៅពេលសង្កត់ពីលើ។
  • អញ្ចាញបាត់ភាពស្រួច រវាងចន្លោះធ្មេញនីមួយៗ។
  • ធំក្លិនមាត់
  • ធ្មេញសណ្តកវែង (រង្គើ)។

ដើម្បីការពារជំងឺរលាកអញ្ចាញ យើងគួរអនុវត្តន៍នូវប្រការដូចជា៖ ធ្វើអនាម័យមាត់ ធ្មេញ ជារៀងរាល់ថ្ងៃ (ព្រឹក ថ្ងៃត្រង់ និងល្ងាចក្រោយពេលបាយ) ជាពិសេស​មុន​ពេលចូលគេង ដោយដុសសំអាតធ្មេញតាមវិធីត្រឹមត្រូវ។ ម្យ៉ាងទៀត ការខ្ពុលមាត់ ជាមួយនឹងទឹកអំបិល ឬទឹកខ្ពុលមាត់ដែលមានសារជាតិ ក្លរីស៊ីឌីត (Chlorhexidine digluconate) ក៏មានប្រយោជន៍ជួយឲ្យអញ្ចាញស្វិតមាំល្អ និងជួយបំបាត់ក្លិនមាត់។

ករណីដែលលោកអ្នកកំពុងមានជំងឺរលាកអញ្ចាញធ្មេញ សូមជួបជាមួយទន្តបណ្ឌិតជំនាញ ដើម្បី​ធ្វើ​ការ​ព្យា​បាល​​ដែលមានដូចជា៖

  • ការសំអាតធ្មេញ (កោសយកកំណកកំបោរ កំទេចចំណីអាហារ និងធាតុរំអិលចេញដែលកកនៅគល់ធ្មេញ)
  • ការព្យាបាលធ្មេញពុក និងឬសធ្មេញ
  • ការដកធ្មេញថ្គាមទាល់ ដែលមានផលវិបាកក្នុងការដុះចេញ ព្រោះវាអាចធ្វើឲ្យមានការពិបាក ក្នុងការសំអាត
  • ការកែតម្រូវឡើងវិញនូវធ្មេញ ដែលដាក់មិនបានត្រឹមត្រូវ
  • ការជូតជាមួយអាស៊ីតទ្រីក្លរ៉ាសេទីក (Trichloracetic Acid)។

ដើម្បីថែរក្សាសុខភាពអញ្ចាញធ្មេញ និងសុខភាពមាត់ធ្មេញរបស់លោកអ្នកឲ្យបានល្អ សូមជួបជាមួយទន្តបណ្ឌិត​ជំនាញរៀងរាល់ ៦ខែម្តង ដើម្បីតាមដាន​សុខភាពមាត់ធ្មេញរបស់អ្នក។

 

ការរីករាលដាលនៃជំងឺជាលិកាទ្រទ្រង់ធ្មេញ

អញ្ចាញដែលមានសុខភាពល្អធម្មតា៖

  • ពណ៌ផ្កាឈូក
  • ហាប់ណែន
  • គ្មានហូរឈាម

អញ្ចាញដែលរលាក៖

  • ពណ៌ក្រហមជាំ
  • ទន់ជ្រាយ
  • ហើម
  • ងាយនឹងហូរឈាមនៅពេលដុសសំអាតធ្មេញ

ដោយមានធាតុរំអិល​ និងកំបោរ​បានកកើត​នៅ​តាម​គល់​ធ្មេញ​។

រលាកជាលិកាទ្រទ្រង់ធ្មេញ៖

  • រលាកអញ្ចាញ និងការបាត់បង់ឆ្អឹងរណ្តៅធ្មេញ
  • កំបោរ និងធាតុរំអិលផ្ទុកដោយមេរោគ។

ការបាត់បង់ឆ្អឹងរណ្តៅធ្មេញធ្ងន់ធ្ងរ៖

  • ធ្មេញរង្គើ
  • ការជ្រុះបាត់បង់ធ្មេញខ្លះ៕