Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ ការថែរទាំធ្មេញចំពោះស្រ្តីមានផ្ទែពោះ

នៅពេលមានផ្ទៃពោះ ស្រី្តជាមាតា តែងតែមានបញ្ហាសុខភាពមាត់ធ្មេញ ដែលបណ្តាលមកពី​កត្តា​ផ្សេងៗ។ ​ទោះ​បីជា ទន្ត​បណ្ឌិតស្នើឲ្យធ្វើការព្យាបាលធ្មេញមុនពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលកូនរួចក៏ដោយ ក៏ជា​​រឿយៗគេសង្កេត​ឃើញ​ថាស្រ្តីមួយចំនួនបានមកទទួលការព្យាបាលក្នុងកំឡុងពេលមានផ្ទៃពោះ។

ប្រសិនបើអ្នកក្លាយជាមាតារួចហើយ ឬមានបំណងក្លាយជាមាតា អ្នកប្រហែលមានសំនួរថា តើវាមានសុវត្ថិភាព​ទេ​ក្នុងការ​ព្យាបាលធ្មេ​ញ​ពេលកំពុងមានផ្ទៃពោះ? ខាងក្រោមនេះ ជាចំណេះដឹងសម្រាប់ស្រ្តីមានផ្ទៃពោះ ដែល​មាន​ដូចជា ការព្យាបាលធ្មេញ ការព្យាបាលដោយប្រើថ្នាំ និងការថែរទាំសុខភាពអញ្ចាញ៖

  • ការព្យាបាលធ្មេញសម្រាប់អនាគតអ្នកម្តាយ (Dental Treatment for Future Moms)៖

 

ក្រោយពេលទន្តបណ្ឌិតធ្វើការពិនិត្យឃើញថា ធ្មេញរបស់ស្រ្តី​ជាមាតាមានបញ្ហា ទន្តបណ្ឌិតនឹងផ្តល់ការព្យាបាលក្នុងករណី​ដែល ការព្យាបាលនឹងលើកកម្ពស់សុខភាពមាតានិងទារក។​​ ទោះជាយ៉ាង ការព្យាបាលខ្លះ ត្រូវរងចំារហូតដល់មាតា​សម្រាលកូនរួចស្រេចបាច់សិន។ ចំពោះការប្រើប្រាស់ X-Ray និងការព្យាបាល៖

  • X-Ray ដែលទន្តបណ្ឌិតប្រើប្រាស់ក្នុងការធ្វើរោគវិនិឆ្ឆ័យ គួរតែជៀសវាងប្រើលើស្រ្តីមានផ្ទែពោះ ប៉ុន្តែក្នុងករណីចាំបាច់ដូចជាការឈឺចាប់ខ្លាំងក្នុងមាត់រឺធ្មេញ (​​ Suffering from Extreme pain in mouth ) ទន្តបណ្ឌិតអាចប្រើ X-Ray បានដើម្បីពិនិត្យរោគវិនិច្ឆ័យអោយបានល្អ ប៉ុន្តែត្រូវការរក្សាសុវត្ថិភាពខ្ពស់បំផុតដោយប្រើអាវសំណរ អោយ​ជិតលើខ្លួន​អ្នក។
  • ការប៉ះបិទធ្មេញ ការព្យាបាលធ្មេញ ការដកធ្មេញសុទ្ធតែជាការព្យាបាលដោយមានសុវត្ថិភាព​​​សំរាប់ស្រ្តីមានផ្ទៃពោះ ទោះបីជាត្រូវចាក់ថ្នាំស្ពឹក (Novocain cidocaim*) ក៏ដោយ។ ការចាក់ថ្នាំសន្លប់គួរតែចៀសវាងក្នុងពេលមានផ្ទៃពោះ។

 

  • ការព្យាបាលធ្មេញ ដោយប្រើថ្នាំសម្រាប់អនាគតអ្នកម្តាយ (Dental Medication for Future mom)​៖
  • ​ត្រីមាសទីមួយ (​3 ខែដំបូង)​ ជាដំណាក់កាលគ្រោះថ្នាក់បំផុតចំពោះទារក​ ព្រោះដំណាក់កាលនេះជា​​ដំណាក់កាលដែលសរីរាង្គរបស់ទារកកំពុងកកើត។ ថ្នាំមួយចំនួនអាចមានភាពមិនប្រក្រតីដល់សរីរាង្គ​របស់ទារកប្រសិនបើលេបក្នុង​ដំណាក់កាលនេះ ប៉ុន្តែថ្នាំមួយចំនួនគឺមានសុវត្ថិភាព ។
  • ការចាក់ថ្នាំស្ពឹក (Local Anesthesia)៖ ថ្នាំស្ពឹកប្រភេទ (​Novocain និង Lidocaive) ជាថ្នាំស្ពឹកដែលមានសុវត្ថិភាពចំពោះមាតានិង​ទារក។​ ទោះជាយ៉ាងណា គេមិនណែនាំអោយប្រើថ្នាំស្ពឹកច្រើននៅពេលធ្វើការព្យាបាលធ្មេញទេ ព្រោះថ្នាំស្ពឹកអាចឆ្លងកាត់សុកទារកបាន។
  • ថ្នាំផ្សះ (Antibiotic)៖ ជារឿយៗថ្នាំផ្សះត្រូវបានចេញវេជ្ជបញ្ជាដោយទន្តបណ្ឌិតដើម្បីព្យាបាល ឬបង្ការមេរោគ។ ថ្នាំផ្សះដែលមានសុវត្ថិភាពជាងគេគឺក្រុម Penicillin និង Cephalosporin ប៉ុន្តែបើមាតាមានប្រតិកម្មជាមួយ Penicillin គឺត្រូវចៀសវាងដោយត្រូវប្រើជំនួសដោយ Erythromycin។ ចំពោះករណីដែលមានបង្ករោគធ្ងន់ធ្ងរ (serious abscess) ថ្នាំផ្សះប្រភេទ Metronidazole និងត្រូវជ្រើសរើសមកប្រើដោយទន្តបណ្ឌិត ព្រោះវាក៏មានសុវត្ថិភាពចំពោះមាតានិងទារកដែរ។ ថ្នាំផ្សះប្រភេទផ្សេងពីនេះ មិនទាន់មានការស្រាវជ្រាវច្បាស់លាស់ណាមួយបង្ហាញថា តើវាមានសុវត្ថិភាពដល់ទារកឬអត់នៅឡើយទេ ហើយគេប្រើប្រាស់​ប្រភេទទាំងអស់នោះក្នុងករណីដែលចាំបាច់បំផុតប៉ុណ្ណោះ។ ចំពោះ​ថ្នាំផ្សះប្រភេទ Tetracycline ត្រូវចៀសវាងដាច់ខាតព្រោះអាចធ្វើអោយទារកមានធ្មេញពណ៌ខ្មៅ។
  • ថ្នាំបំបាត់ការឈឺចាប់ (Pain Killer Medicine)៖ ថ្នាំប្រភេទ Acetaminophen (Tylenol, Paracetamol) ជាថ្នាំដែលមានសុវត្ថិភាព។ ហើយថ្នាំក្រុម NSAID ដូចជា Ibuprofen(Advil) មានសុវត្ថិភាពក្នុងអំឡុងសប្តាហ៍ទី 32​ (8ខែ) នៃការមានផ្ទៃពោះប៉ុណ្ណោះ (ព្រោះវាអាចបង្អាក់ការលូតលាស់ទារក)។ បើមាតា​មាន​ការឈឺចាប់ខ្លាំង ថ្នំាកម្រិតខ្លាំង​គឺត្រូវការដូចជា Narcotic​ និង​ត្រូវប្រើតែក្នុងពីរ បី សប្តាហ៍ចុងក្រោយប៉ុណ្ណោះ​។
  • ហ្វ្លុយអូរ៉ាយ ជាថ្នាំដែលស្រ្តីជាមាតា លេបពេលមានផ្ទៃពោះ ព្រោះវាអាចជួយឲ្យធ្មេញទារករឹងមាំ ការ​ពារ​រោគពុកធ្មេញក្រោយពេលទារកកើតមក។ ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ថា តើវាប៉ះពាល់ដល់ទារកឬយ៉ាងណាទេ។ នៅមានការជជែកវែកញែកជាច្រើនក្នុងចំណោម ទន្តបណ្ឌិតជំនាញ អំពីប្រសិទ្ធភាពនៃថ្នាំជំនួយ ហ្វ្លុយអូរ៉ាយ នេះនៅពេលមានផ្ទៃពោះ។ ជាទូទៅ គេណែនាំមិនឲ្យប្រើថ្នាំគ្រាប់ហ្វ្លុយអូរ៉ាយ ដែលមានកម្រិតខ្ពស់ជាង ហ្វ្លុយអូរ៉ាយ​ដែល​មានក្នុងទឹកប្រើប្រាស់ នៅក្នុងទីក្រុងដែលរស់នៅទេ។ ថ្នាំហ្ល្វុយអូរ៉ាយប្រភេទ Topical ត្រូវបានគេណែនាំឲ្យប្រើពេលដែលស្រ្តីជាមាតាសំអាតធ្មេញ ព្រោះវាអាចការពាររោគពុកធ្មេញ។
  • ការថែទាំធ្មេញនឹងអញ្ចាញ (Caring for your teeth and gum)៖

ស្ត្រីមានផ្ទៃពោះ អាចជួបនឹងបញ្ហាហូរឈាមតាមអញ្ចាញធ្មេញ ដែលត្រូវ​បានស្គាល់​ថាជា​សញ្ញា​នៃកា​ររលាក​អញ្ចាញ​​ធ្មេញ។ ការរលាកអញ្ចញធ្មេញ(Gingivitis)នេះ គឺបណ្តាលមកពីបំរែបំរួល អ័រម៉ូនដែលនំាឲ្យមានការកើនឡើងនៃលំហូរឈាម នៅតាមអញ្ចាញ​ (Gum Disease)។ យើងអាចទប់ស្កាត់វាបានដោយការធ្វើអនាម័យ​មាត់​​ធ្មេញ​ឲ្យស្អាត ការ​ដុសធ្មេញ ការប្រើអំបោះទា​ក់ចន្លោះធ្មេញ ការខ្ពុលមាត់ជាមួយ​ទឹកខ្ពុល​មាត់ដែលមានថ្នំាសំលាប់មេរោគ​(Clorexidine) ឬ​ទឹក​អំ​បិល​ប្រៃ​លែមៗ។​ ម្យ៉ាងទៀតស្រី្តមានផ្ទៃពោះ ក៏ត្រូវទៅសំអាតធ្មេញជាមួយទន្តបណ្ឌិតជំនាញឲ្យបានទៀងទាត់​ ក្នុងរយៈពេល6ខែម្តងផងដែរ ព្រោះវាអាចធ្វើឲ្យអញ្ចាញធ្មេញមានសុខភាពល្អ៕

បញ្ជាក់ ៖ អត្ថបទខាងលើគ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗសំរាប់ស្រ្តីជា​ម្តាយប៉ុណ្ណោះ យ៉ាងណាការព្រាបាលជាក់ស្តែងត្រូវជួបពិគ្រោះជាមួយទន្តបណ្ឌិត។

 

រៀបរៀងដោយទន្តបណ្ឌិត៖ ជ័យ សុចិន្តា

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម