Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

ជំងឺពុកធ្មេញ (Dental Caries)

ជំងឺពុកធ្មេញ គឺ​ជាជំងឺដែលយើងច្រើនជួបប្រទះក្នុងប្រអប់មាត់ជាងគេ​។ ជំងឺនេះ ​បង្ក​ឡើង​ដោយ​បាក់​តេ​រី​​ដែល​ធ្វើ​ឲ្យខូច​ខាត​ដល់​រចនា​សម្ព័ន្ធរបស់​ធ្មេញ​។ មនុស្សនៅក្នុងវ័យណាក៏ដោយ ឲ្យតែមិនបាន​ធ្វើអនាម័យ និងថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ នឹងជួបបញ្ហាពុកធ្មេញនេះ។ កត្តាសំខាន់ 3យ៉ាងដែលបង្កអោយមានរោគពុកធ្មេញគឺ ធ្មេញ មេរោគ និងចំនីអាហារ។

ធ្មេញ៖ ស្ថានភាពធ្មេញ ដែលដុះមកមានលក្ខណៈមិនត្រង់ជួរ បានបង្កលក្ខណៈពិបាកដល់ការដុសសំ​អាត ហើយងាយនឹងបន្សល់ទុកកំទេចអាហារតោងធ្មេញ។

មេរោគ៖ កង្វះអនាម័យ និងការសំអាតធ្មេញជាប្រចាំ នឹងបង្កើតឲ្យមានបាក់តេរីក្នុងមាត់។

ចំណីអាហារ៖ ការទទួលទានប្រភេទអាហារដែលមានជាតិស្ករខ្ពស់ និងម្សៅ បានបន្សល់ទុកនូវកំទេច​អាហារ​តោងជាប់ធ្មេញ។ កំណកនៃកំទេចអាហារ រួមផ្សំនឹងបាក់តេរីក្នុងមាត់ បង្កើតជាអាស៊ីតម្យ៉ាង​ដែលធ្វើឲ្យប៉ះពាល់ធ្មេញ។

តើយើងចាំបាច់ត្រូវព្យាបាលរោគពុកធ្មេញដែរឬទេ?

ការព្យាបាលរោគពុកធ្មេញ ជាកត្តាចាំបាច់បំផុត ព្រោះនេះជាដំណាក់កាលដ៏សំខាន់ក្នុងការ​ព្យាបាល​និងការពារធ្មេញកំណើតកុំឲ្យបាត់បង់។ នៅពេលដែលយើងមិនបានធ្វើការព្យាបាលធ្មេញដែលពុកផុយ ឬប្រហោងពុកធ្មេញឲ្យបានទាន់ពេលទេនោះ វានឹងបន្តរាលដាលដល់សរសៃប្រសាទនៃធ្មេញ ឬរន្ធឬសធ្មេញ ដែលនឹងបង្កឲ្យមានការឈឺចាប់។

ចុះចំពោះធ្មេញទារក(ធ្មេញទឹកដោះឬធ្មេញព្រៃ)វិញ តើយើងគួរព្យាបាលឬទេ?

ក្នុងករណីដែលធ្មេញព្រៃរបស់ទារក​ មានការពុកផុយមុនអាយុដែលវាត្រូវបាក់ យើងត្រូវផ្តល់ការព្យាបាល ដើម្បីឲ្យធ្មេញព្រៃនោះមានសុខភាពល្អឡើងវិញ។ មូលហេតុដែលយើងត្រូវធ្វើបែបនេះ ព្រោះថា​នៅពេលធ្មេញព្រៃរបស់ទារកបាក់អស់មុនអាយុកំណត់ វាធ្វើឲ្យប៉ះពាល់ដល់ការដុះធ្មេញស្រុកដោយសារ​ទីតាំងធ្មេញនិងអញ្ចាញមានការប្រែប្រួលពេលដែលធ្មេញព្រៃឆាប់បាក់។

ដើម្បីបង្ការកុំឲ្យមានរោគពុកធ្មេញ យើងត្រូវធ្វើអនាម័យមាត់ធ្មេញឲ្យបានជាប្រចាំ​ដោយដុះសំអាតធ្មេញជាមួយថ្នាំដុះធ្មេញដែលមានជាតិហ្ល្វុយអូរ៉ាយយ៉ាងតិច 2 ដងក្នុងមួយថ្ងៃ​ និងប្រើប្រាស់អំបោះទាក់ធ្មេញដើម្បីទាក់យកកំទេចកំទីនៅចន្លោះធ្មេញ។ កាត់បន្ថយការបរិភោគអាហារដែលមានជាតិស្ករច្រើន ពិសេសជាតិកាបូអីដ្រាតដែលជាសារជាតិនាំមុខគេ​​ ក្នុងការបង្ករោគពុកធ្មេញ។ កាត់បន្ថយការទទួលទានភេសជ្ជៈទឹកក្រូច និងភេសជ្ជៈប៉ូវកំលាំងដែលសំបូរទៅដោយជាតិស្ករ។ បញ្ឈប់ការជក់បារី និងការចុកថ្នាំជក់ដែលធ្វើអោយប៉ះពាល់ខ្លាំងដល់ជាលិការជុំវិញធ្មេញ។ ជាពិសេសជារៀងរាល់ 6ខែ ត្រូវមកធ្វើការពិនិត្យជាមួយទន្តបណ្ឌិតឲ្យបានជាប្រចាំ៕